កាលពីថ្ងៃចន្ទសហ្ដហ៍មុន ភ្នំពេញប៉ុស្ដិ៍បានចុះផ្សាយមួយវគ្គរួចមកហើយ ទាក់ទងនឹងនីតិវិធីរបស់នគរបាល បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីភាគីមានទំនាស់ណាមួយ តាមរយៈកិច្ចសម្ភាសន៍រវាងភ្នំពេញប៉ុស្តិ៍ជាមួយលោក មេធាវី ផុន ធារិន ជាសមាជិកក្រុមហ៊ុនមេធាវី ស៊ីឌីអេស ដែលមានការិយាល័យនៅផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែនៅសប្ដាហ៍នេះយើងសូមលើកយកវគ្គបញ្ចប់ទាក់ទងនឹងករណីចាប់វាយខ្នោះរបស់សមត្ថកិច្ចក្រោយទទួលពាក្យបណ្ដឹងពីឃាតកម្មដែលមានខ្លឹមសារដូចខាងក្រោម ៖
ក្នុងករណីមានបណ្តឹងទៅមន្ត្រីនគរបាលមូលដ្ឋាន ហើយមន្ត្រីនគរបាលបានវាយខ្នោះដៃ លោក “ក” ព្រោះគាត់បានសម្លាប់គេស្លាប់ តើមន្ត្រីនគរបាលអនុវត្តវិធីបែបនេះត្រឹមត្រូវដែរឬទេ?
ក្នុងករណីនេះមន្ត្រីនគរបាលទទួលពាក្យបណ្តឹងថា លោក “ក” បានសម្លាប់មនុស្ស យើងបែងចែកបណ្តឹងនេះជា ២ ប្រភេទគឺបណ្តឹងទាមទារ និងបណ្តឹងបរិហារ។ បណ្តឹងទាមទារសំដៅលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលតាំងខ្លួនជាភាគីរងគ្រោះនៅក្នុងបទល្មើសណាមួយដែលគាត់ប្តឹងទៅស្ថាប័នមានសមត្ថកិច្ច (នគរបាលយុត្តិធម៌) ក្នុងការទាមទារឲ្យស្ថាប័នមានសមត្ថកិច្ចផ្តន្ទាទោសជនល្មើសដែលប្រព្រឹត្ត និងទាមទារសំណងការខូចខាត និងជំងឺចិត្តដែលបានប្រព្រឹត្តលើភាគីជនរងគ្រោះ។ បណ្តឹងបរិហារសំដៅលើបណ្តឹងដែលធ្វើឡើងដោយតតិយជន (ជនដែលបានឃើញបទល្មើសកើតឡើង) ឬក៏អាជ្ញាធរសាធារណៈ ឬមន្ត្រីគ្រប់រូបដែលនៅក្នុងការបំពេញមុខងាររបស់ខ្លួនរាយការណ៍ (ប្តឹងដោយផ្ទាល់មាត់) ទៅនគរបាលមូលដ្ឋានដើម្បីធ្វើការផ្តន្ទាទោសជនល្មើសដែលប្រព្រឹត្តនោះតាមបញ្ញត្តិច្បាប់។
ក្នុងករណីបណ្តឹងទាំង ២ នេះមន្ត្រីនគរបាលនឹងអនុវត្តដូចដែលបានរៀបរាប់ក្នុងសំណួរទី ២ ដែលបានបកស្រាយកាលពីសប្ដាហ៍មុនគឺមានន័យថា មន្រី្តនគរបាលយុត្តិធម៌អាចឃាត់ខ្លួនជនសង្ស័យភ្លាមបាន។
ម្យ៉ាងវិញទៀតយោងតាមមាត្រា ៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា “ ក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែងគ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើសហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត។ ដូច្នេះករណីនេះទោះបីជាមន្ត្រីនគរបាលធ្វើការស៊ើបអង្កេតជាបទល្មើសជាក់ស្តែង ឬការស៊ើបអង្កេតបឋម (បទល្មើសមិនជាក់ស្តែង) មន្ត្រីនគរបាលអាចធ្វើការឃាត់ខ្លួនបុគ្គលដែលសង្ស័យនោះភ្លាមបាន។
តើក្នុងករណីបែបណាទើបមន្ត្រីនគរបាលអាចដាក់ខ្នោះលោក “ក” បាន ហើយក្នុងករណីបែបណាមិនអាចដាក់ខ្នោះ?
ការដាក់ខ្នោះ និងការឃាត់ខ្លួនជាវិធានចុងក្រោយបំផុតដែលមន្ត្រីនគរបាលត្រូវគិតពិចារណា និងយកមកអនុវត្តចំពោះជនគ្រប់រូប។ ក្នុងករណីបទល្មើសជាក់ស្តែង មន្ត្រីនគរបាលអាចប្រើវិធានបង្ខិតបង្ខំបានដូចជា ការនាំខ្លួន និងការឃាត់ខ្លួនដោយហេតុថា បទល្មើសកំពុងទើបតែប្រព្រឹត្តរួចភ្លាមមានភ័ស្តុតាងប្រព្រឹត្តបទល្មើសនៅកន្លែងកើតហេតុ ឬតម្រុយភ័ស្តុតាងផ្សេងៗដែលស៊ីចង្វាក់នោះមន្ត្រីនគរបាលស្នើសុំសេចក្តីណែនាំពីព្រះរាជអាជ្ញាដើម្បីធ្វើការនាំខ្លួន ឬឃាត់ខ្លួនបុគ្គលសង្ស័យដែលពាក់ព័ន្ធទាំងនោះ។ ផ្ទុយទៅវិញបើមន្រី្តនគរបាលបានបើកការស៊ើបអង្កេតហើយពិនិត្យឃើញថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ ឬមានតម្រុយខ្លះចំពោះជនសង្ស័យ មន្ត្រីនគរបាលមិនត្រូវប្រើវិធានបង្ខិតបង្ខំធំធេងដូចករណីបទល្មើសជាក់ស្តែងឡើយ មន្រី្តនគរបាលត្រឹមតែជាអ្នកកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញាដើម្បីសម្រេចបន្តនីតិវិធី ឬតម្កល់រឿងទុកឥតចាត់ការ។
ចំពោះការដាក់ខ្នោះលោក “ក” ដោយមិនបានអនុវត្តតាមការរៀបរាប់ខាងលើនោះ វាជាទង្វើបំពានអំណាចអាជ្ញាធរតុលាការ និងបំពានសិទ្ធិសេរីភាពរបស់បុគ្គលដូចដែលបានរៀបរាប់ខាងលើ៕