កាលពីថ្ងៃចន្ទសប្ដាហ៍មុន ភ្នំពេញប៉ុស្តិ៍បានចុះផ្សាយមួយវគ្គរួចមកហើយ ទាក់ទងនឹងកម្រិតទោសទណ្ឌរបស់ញាតិសន្ដានដែលបានអនុញ្ញាតឲ្យបងប្អូនស្នាក់នៅផ្ទះជាមួយ តែគាត់មានប្រើប្រាស់អាវុធគ្មានច្បាប់ដោយមានការបកស្រាយពីសំណាក់លោកស្រី មេធាវី លឹម ច័ន្ទលីដា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមហ៊ុនមេធាវីស៊ីឌីអេសមានការិយាល័យផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែដោយខ្លឹមសារនៅមិនទាន់អស់នៅឡើយ ភ្នំពេញប៉ុស្តិ៍សូមលើកយកវគ្គបញ្ចប់មកចុះផ្សាយបន្តដូចខាងក្រោម ៖
ឧបមាថាម្ចាស់ផ្ទះនោះជាប់ពាក់ព័ន្ធ ដោយសារគាត់អនុញ្ញាតឲ្យបុរសនោះរស់នៅក្នុងផ្ទះជាមួយ ហើយប្រសិនបើបុរសនោះមានទោស តើម្ចាស់ផ្ទះត្រូវមានទោសស្មើនឹងបុរសនោះដែរទេ?
ម្ចាស់ផ្ទះ និងបុរសជាប់ពាក់ព័ន្ធដោយសារអនុញ្ញាតឲ្យស្នាក់នៅ ៖
ម្ចាស់ផ្ទះមិនទទួលបានផលប្រយោជន៍ដោយចំពោះពីបុរសដែលគាត់ឲ្យស្នាក់នៅនោះមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ ២០០៩ ត្រូវយកមកអនុវត្ត។ ដូចមានចែងថាបុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។
ម្ចាស់ផ្ទះបានទទួលបានផលប្រយោជន៍ផ្សេងៗពីអំពើរបស់បុរសនោះៗម្ចាស់ផ្ទះនឹងទទួលខុសត្រូវចំពោះមាត្រា ២៨ ឬ ២៩ នៃក្រមព្រហ្មទណ្ឌ ២០០៩។
ចំពោះមាត្រា ២៨ នៃក្រមនេះចែងថា ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឈិមចំពោះបុគ្គលដែលៈ
១- ជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះតាមការណែនាំ ឬ ការបញ្ជា។
២- បង្កឲ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះដោយផ្តល់អំណោយដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។
អ្នកផ្តើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬ បទមជ្ឈិម ត្រូវបានសម្រេច ឬបានប៉ុនប៉ង។
អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋឬ បទមជ្ឈិមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។
រីឯមាត្រា ២៩ នៃក្រមនេះដែរចែងថាត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។
អ្នកសមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង។
អ្នកសមគំនិតនៃបទឧក្រិដ្ឋឬ បទមជ្ឈិមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។
ករណីមួយទៀត ប្រសិនបើបុរសនោះគាត់ទៅរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ ក្នុងមូលដ្ឋានដែលគាត់រស់នៅសួរថា តើគាត់អាចបានរួចផុតពីទោសដែរឬទេ?
ក្នុងករណីដែលបុរសនោះបានទៅរាយការណ៍ចំពោះនៅសមត្ថកិច្ចមូលដ្ឋាន ៖
– អាចរួចផុតពីទោសដោយសារបុរសនោះ រើសបានអាវុធ ឬឃើញអាវុធដែលគេលាក់ទុក។ ក្នុងករណីនេះបុរសម្នាក់នេះគ្មានចេតនាទុច្ចរិត ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសអ្វីឡើយហើយបុរសនោះបានសហការរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ឬក៏បុរសនោះបានប្រគល់អាវុធដោយសារខ្លួន គ្មានសមត្ថកិច្ចចំពោះការប្រើប្រាស់អាវុធនោះឡើយ។
– ក្នុងករណីដែលបុរសនោះបានប្រព្រឹត្តអំពើល្មើស ដោយសារការប្រើប្រាស់អាវុធនេះ ទោះបីបុរសនោះបានសារភាព ឬរាយការណ៍ទៅសមត្ថកិច្ចក៏គាត់អាចនឹងទទួលខុសត្រូវចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត តែតុលាការអាចនឹងសម្រេចពិចារណា ដោយយល់ថាបុរសនេះបានសារភាពនោះតុលាការអាចអនុវត្តគោលការណ៍ស្ថានសម្រាលចំពោះបទល្មើសរបស់បុរសនោះ៕